យោងតាមការប្រកាសរបស់គ្រួសារតារាកម្ពុជា តារាអាជីពនៅក្នុងពិភពសិល្បៈចំនួន១២រូប ដែលត្រូវគេស្គាល់ថាជាម្ចាស់ពានគ្រងឈុតបុរាណ បានក្លាយជាទូតសុឆន្ទៈរបស់ខ្លួនជាលើកដំបូង ដើម្បីកិច្ចការសង្គម។ តារាទាំង១២រូប ក៍នឹងប្រកាសបង្ហាញខ្លួនយ៉ាងសកម្មក្នុងនាមជាតារាចុះជួយសកម្មភាពសប្បុរសធម៌ផងដែរ។

តារាទាំង១២រូបនោះរួមមាន អ្នកនាង ម៉ៅ សុីណាត ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់កាលពីឆ្នាំ២០១៨, តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា ប៑េប៑ី ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោប្រចាំឆ្នាំ២០១៨, តារាសម្ដែង និងជាតារាម៉ូដែល BN លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់លេចធ្លោ-ស័ក្តសមប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានអ្នកគ្រងឈុតបុរាណប្រជាប្រិយប្រចាំឆ្នាំ២០១៩តាមរយៈការបោះឆ្នោតមុននេះ, តារាសម្ដែង លោក សុិន សុធារិទ្ធ ម្ចាស់ពានគ្រងឈុតបុរាណកម្រប្រចាំឆ្នាំ២០១៨, លោក ម៉ែន អម្រុងរ័ត្ន ម្ចាស់ពានគ្រងឈុតបុរាណកែច្នៃប្រចាំឆ្នាំ២០១៨, តារាសម្ដែង កញ្ញា ភី សម័យ ម្ចាស់ពានគ្រងឈុតបុរាណច្នៃលេចធ្លោប្រចាំឆ្នាំ២០១៨, តារាចម្រៀងសំលេង២ លោក ឌួង តារាផាឌីន ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៩, តារាសម្ដែង កញ្ញា ភីយ៉ា ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៩, ពិធីករ លោក បញ្ញា សិទ្ធិ ម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ២ ប្រចាំឆ្នាំ២០១៩, តារាចម្រៀង កញ្ញា វណ្ណា វត្តី ម្ចាស់ពានចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១៩, លោក លឿង វិសាល បុរសឯកវាយនភណ្ឌ ម្ចាស់ពានចំណាត់ថ្នាក់លេខ៣ ឆ្នាំ២០១៩, និង តារាសម្ដែង កញ្ញា ពេជ្រ ចរណៃ ម្ចាស់ពានចំណាត់ថ្នាក់លេខ៣ ដែលទើបទទួលពានឆ្នាំនេះ។

លោកផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដើម្បីលើកទឹកចិត្តដល់តារាកាន់ពានទាំងអស់អោយកាន់តែមានការទទួលស្គាល់ ទើបម្ចាស់ពានទាំងនេះ ត្រូវបានតែងតាំងជាទូតសុឆន្ទៈប្រចាំក្រុម ដោយក្នុងរយៈពេលមួយឆ្នាំក្នុងការតែងតាំងនេះ គឺទូតសុឆន្ទៈទាំងអស់ នឹងមានសកម្មភាពក្នុងកិច្ចការសង្គមយ៉ាងហោច១ខែម្ដង។ ក្នុងនោះគ្រួសារតារាកម្ពុជា ក៍កំពុងសហការជាមួយបណ្ដាអង្គការ និងម្ចាស់សមាគមនានា ដើម្បីអោយម្ចាស់ពានទាំង១២ ដែលត្រូវតែងតាំងជាទូតសុឆន្ទៈលើកដំបូងរបស់ក្រុម កាន់តែមានឱកាសធ្វើកិច្ចការសង្គម និងជួយសង្គម អោយកាន់តែច្រើនផងក្នុងរយៈពេលពេញមួយឆ្នាំនេះ។