ក្រុមហ៊ុន «ហង្សមា្ចសដី» បានអះអាងថា ខ្លួនកំពុងបណ្ដុះពូជ និងចុះដាំកូនគ្រញូងជាចម្ការធំៗ នៅខេត្តពោធិសាត់ និងខេត្តព្រះវិហារ តាមរយៈចំការនីមួយៗរបស់ខ្លួន ដើម្បីត្រៀមខ្លួនផ្គត់ផ្គង់សម្រាប់តម្រូវការទីផ្សារក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេសនៅថ្ងៃអនាគត។ ក្រុមហ៊ុននេះបានទាំងប្រកាសថា នឹងធ្វើឲ្យកម្ពុជា ក្លាយជាទីផ្សារនាំចេញ និងផ្គត់ផ្គង់គ្រញូងទ្រង់ទ្រាយធំមួយ នៅ១៥ឆ្នាំក្រោយទៀតផង។

លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដី បានថ្លែងបញ្ជាក់ថា ចាប់ពីរដូវធ្លាក់ភ្លៀងនេះតទៅ ក្រុមហ៊ុនហង្សម្ចាស់ដី នឹងឈូសឆាយដីចម្ការ ដែលខ្លួនទិញបានពីពលរដ្ឋប្រមាណជាង១០០គ្រួសារ នៅស្រុកវាលវែង ក្នុងខេត្តពោធិសាត់ ឲ្យក្លាយជាចម្ការគ្រញូងទ្រង់ទ្រាយធំ បន្ថែមពីលើចម្ការដូងក្រអូប និងចម្ការធុរ៉េន ដែលខ្លួនបានកំពុងពន្លឿនការឈូសឆាយ និងដាំដុះ បានជាច្រើនហិកតាហើយនោះ។ គ្រញូងដែលត្រូវបានក្រុមហ៊ុនចុះដាំនេះ ទី១ដាំជារបងជុំវិញផ្ទៃដីចម្ការដូងក្រអូប ចម្ការមាន និងចម្ការផ្សេងៗ របស់អតិថិជន ដើម្បីជាកាដូចែកជូនដល់ម្ចាស់ចម្ការទាំងនោះ ទុកជាទ្រព្យតកូនចៅនៅ១៥ឆ្នាំក្រោយ និងទី២ គឺដាំនៅលើផ្ទៃដីដែលបានគ្រោងទុក ដើម្បីបង្កើតជាចម្ការគ្រញូងជាហិកតាៗតែម្ដង ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាប្រទេស ដែលមានគ្រញូងស្របច្បាប់ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុង និងក្រៅស្រុក នៅ១៥ឆ្នាំក្រោយ ដោយនឹងធ្វើឲ្យរដ្ឋមានចំណូលពន្ធផងពីការនាំចេញ។

លោកបន្តថា ចម្ការគ្រញូងនេះ ក្រុមហ៊ុនដាំដុះជាទំហំកន្លះហិកតា និងមួយហិកតា ដោយប្រកាសលក់ពីតម្លៃ២៥០០០ រហូតដល់៥ម៉ឺនដុល្លារ ក្នុងមួយហិកតា ខណៈដែលក្រុមហ៊ុនក្រៅពីផ្ដល់ឱកាសឲ្យអតិថិជនបង់រំលោះរហូតដល់១៥ឆ្នាំ ក៏មានកុងត្រាធានាថែទាំគ្រញូង ឲ្យដល់១៥ឆ្នាំ និងធានាទិញវិញក្នុងតម្លៃមួយហិកតា យ៉ាងតិច៣០ម៉ឺនដុល្លារ ក្នុងគ្រញូង១ហិកតារផងដែរ ប្រសិនបើម្ចាស់ចម្ការចង់លក់គ្រញូង ដោយផ្ទាល់មកឲ្យក្រុមហ៊ុន។ ចម្ការគ្រញូង នឹងត្រូវបានដាំតែនៅខេត្តពោធិសាត់ ឧត្តរមានជ័យ សៀមរាប និងព្រះវិហារប៉ុណ្ណោះ ប៉ុន្តែគម្រោងឈូសឆាយ និងដាំដុះ នឹងធ្វើលើខេត្តពោធិសាត់មុនគេ ហើយកត់សម្គាល់ឃើញថា មានអតិថិជនចាប់អារម្មណ៍កក់ទិញច្រើន ព្រោះគឺជាកំណប់ទ្រព្យនៅរង្វង់១៥ឆ្នាំក្រោយ។

លោក ហុំ ហាក់ ប្រធានគ្រប់គ្រងគម្រោងផ្នែកលក់ បានអះអាងថា គម្រោងដាំដុះចម្ការជាចម្ការគ្រញូង មិនត្រឹមតែធ្វើឲ្យក្រុមផ្នែកលក់របស់លោក ដែលមានឈ្មោះ ក្រុម Eco Hero ទទួលបានជោគជ័យខ្ពស់ ក្នុងការទាក់ទាញទីផ្សារនោះទេ ប៉ុន្តែក៏នឹងជួយឲ្យប្រទេសកម្ពុជា ក្នុងពេលដ៏ខ្លី ក្លាយជាប្រទេសដែលមានចម្ការគ្រញូងស្របច្បាប់ ជាទ្រង់ទ្រាយធំ ដូចគ្នានឹងនៅវៀតណាម និងប្រទេសមួយចំនួនផងដែរ។

លោក អាន យ៉េន តំណាងសួនបណ្ដុះកូនឈើ Life Gro. បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនហង្សម្ចាស់ដី បានកុម្ម៉ង់កូនគ្រញូងរបស់លោក ក្នុងប៉ុន្មានសប្ដាហ៍មិនក្រោមជាង២ម៉ឺនដើមនោះទេ ខណៈដែលលោកត្រូវកុងត្រា បណ្ដុះកូនផ្ដល់គ្រញូងឲ្យក្រុមហ៊ុន ឲ្យបានជាង១លានដើម សម្រាប់គម្រោងដំបូងនៅខេត្តពោធសាត់។ លោកថា ពូជគ្រញូងដែលលោកយកមកបណ្ដុះគ្រាប់ ផ្គត់ផ្គង់ដល់ក្រុមហ៊ុនហង្សម្ចាស់ដីនេះ គឺជាពូជគ្រញូងហៃណាន ដែលយកគ្រាប់មកពីចិន និងជាប្រភេទគ្រញូងដែលមានខ្លឹម និងមុខកាត់យ៉ាងហោង៣តឹកកន្លះ នៅ១៥ឆ្នាំក្រោយ។ ពូជនេះមួយដើមត្រូវបានឈ្មួញទិញយ៉ាងហោច១ពាន់ដុល្លារ ទើបលោកយល់ថា ក្នុងមួយហិកតា ដែលក្រុមហ៊ុនដាំតាមបច្ចេកទេស១៦០០ដើម គឺនឹងក្លាយជាកំណប់ទ្រព្យដ៏ធំសម្រាប់អតិថិជនម្នាក់ៗ នៅ១៥ឆ្នាំក្រោយ៕