អគារពហុមុខងារ Morgan The Pure Bay របស់ ក្រុមហ៊ុន អេវើ អឹសេន ឌីវេឡុបម៉ិន ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពឯកឧត្តម ជា សុ ផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តមអភិបាលខេត្តព្រះសីហនុផងដែរ ។

ក្នុងពិធីបើកការដ្ឋានសាងសង់អគារពហុមុខងារ Morgan the pure bay នេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «ការសាងសង់ទាំងអស់ត្រូវតែមានវិស្វករ ស្ថាបត្យករនៅប្រចាំការនៅការដ្ឋាន។ ក្រសួង ដែនដី នគរូបនីយកម្មនិងសំណង់ នឹងពង្រាយមន្ត្រីបច្ចេកទេសនៅតាមបណ្តាសង្កាត់ទាំងអស់ របស់ក្រុងព្រះសីហនុ និងរៀបចំក្រុមជួយបងប្អូនក្នុងការគូសប្លង់ លិខិតសាងសង់ ដើម្បីបង្ខិតរយៈពេលឱ្យខ្លីស្របតាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងបំបាត់បញ្ហាអសកម្មទាំងឡាយ ហើយយើងមិនអនុញ្ញាតឱ្យសំណង់សាងសង់ហើយគ្មានលិខិតអនុញ្ញាតឡើយ។ ត្រូវតែមានលិខិតអនុញ្ញាត ត្រូវចុះឆែកថាតើសំណង់នឹងនរណាជាអ្នកសាងសង់ បើក្រុមហ៊ុនមិនបានចុះបញ្ជីនៅក្រសួងដែនដី នោះមិនអាចសាងសង់បានទេ ហើយបើគ្មានវិស្វករនៅប្រចាំការដ្ឋាន មិនអនុញ្ញាតឱ្យសាងសង់បានឡើយ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានរំលឹកទៀតថា មិនមែនមានតែធុងមួយ ស្លាបព្រាមួយ ចបមួយ បង្គីថា ក្រុមហ៊ុនសាងសង់បានទេ គឺមិនអាចត្រូវការបច្ចេកទេសដើម្បីធានាសុវត្ថិភាព គុណភាព និងសោភ័ណភាពសំណង់។ បច្ចុប្បន្ន យើងមានក្រុមហ៊ុនសិក្សាគម្រោងប្លងនិងក្រុមហ៊ុនសាងសង់បានចុះបញ្ជីនៅក្រសួងមានប្រមាណជាង ១០០០ ក្រុមហ៊ុន។
ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានទទូចឱ្យម្ចាស់ទីតាំងអាគារឬសំណង់ទាំងអស់ត្រូវរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ឲ្យបានត្រឹមត្រូវមុន នឹងបង្ហូរចូលទៅក្នុងលូសាធារណៈដើម្បីកុំឱ្យមានការបំពុលបរិស្ថាន បំពុលទឹកសមុទ្រឬឆ្នេរសមុទ្រដ៏ស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកម្សាន្តខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ដែរថា៖ ដើម្បីគ្រប់គ្រងការដ្ឋានសំណង់នៅខេត្តព្រះសីហនុ ឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តបានបង្កើតក្រុមការងារចុះត្រួតពិនិត្យ តាមដាន ទប់ស្កាត់លើការដ្ឋានសាងសង់នៅក្នុងខេត្តដែលមិនទាន់មានលិខិតអនុញ្ញាត ឬការសាងសង់ខុសពីលិខិតអនុញ្ញាត និងបទដ្ឋានគតិយុត្តិសម្រាប់គម្រោងផ្សេងៗទៀត។ឯកឧត្តមបានបន្តរថា នៅក្នុងវិស័យសំណង់នៅក្នុងខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុក ក្នុងនោះចាប់តាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៩នេះ មានគម្រោងសាងសង់ជិត ១០០០ គម្រោង ក្នុងនោះអគារកម្ពស់ចាប់ពី ៥ជាន់ រហូតដល់ ៤២ជាន់ សរុបមានចំនួន ២១៨ គម្រោង។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្រុមការងារបានចុះត្រួតពិនិត្យគម្រោងសាងសង់បានចំនួន ២៨៨ ការដ្ឋានគិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៩ នៅមាន ១១៥ ការដ្ឋានទៀតដែលមិនទាន់មានរបាយការណ៍វាយតម្លៃ និងមានការដ្ឋានចំនួន ៣០៧ ការដ្ឋានទៀតសម្រាប់ដាក់ជូនក្រុមការងារបច្ចេកទេសទាំង ២៣ ក្រុមរបស់គណៈកម្មការត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ ដើម្បីពិនិត្យក្នុងដំណាក់កាលទី៥ បន្តទៀត។

ឯកឧត្តមបញ្ជាក់ថា ដើម្បីគ្រប់គ្រងការដ្ឋានសំណង់នៅខេត្តព្រះសីហនុ ឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តក៏បានបង្កើតក្រុមការងារចុះត្រួតពិនិត្យ តាមដាន ទប់ស្កាត់លើការដ្ឋានសាងសង់នៅក្នុងខេត្តដែលមិនទាន់មានលិខិតអនុញ្ញាត ឬការសាងសង់ខុសពីលិខិតអនុញ្ញាត និងបទដ្ឋានគតិយុត្តិសម្រាប់គម្រោងផ្សេងៗទៀត៕