ថៅកែផ្ទះល្វែង និងជាថៅកែផលិតកម្មកុន លោក ឡេង ណាវ៉ាត់ត្រា បានចំណាយដើមទុនជាច្រើនម៉ឺ​នដុល្លារម្តងទៀតហើយ ដើម្បីពាំនាំតារាចម្រៀងល្បីៗចូលរួមសម្តែងបម្រើអារម្មណ៍ប្រិយមិត្តពលករនៅប្រទេសកូរ៉េ។ យ៉ាងណាមិញ លោក ណាវ៉ាត់ត្រា បានបង្ហាញថាប្រទេសកូរ៉េជាប្រទេស ដែលលោកពេញចិត្ត ហើយចង់ឲ្យប្រជាជនខ្មែរបានសប្បាយរីករាយជាមួយតារាល្បីៗ ដែលកម្រជួប។

កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ តារាចម្រៀងល្បីៗជាច្រើនដួងរួមមាន ៖ លោក ព្រាប សុវត្តិ អ៊ី​វ៉ា ខេម គូម៉ា ក្រុមតន្ត្រីចចកសមុទ្រ ត្រូវបានលោក ឡេង ណាវ៉ាត់ត្រា រៀបចំឲ្យមានឱកាសសារជាថ្មីចេញទៅសម្តែងនៅប្រទេសកូរ៉េ នាសប្តាហ៍នេះ។ កម្មវិធីធ្វើឡើង ដើម្បីឲ្យបងប្អូនខ្មែរដែលបានចេញទៅធ្វើការនៅប្រទេសកូរ៉េ មានការរីករាយ ព្រោះស្រុកកូរ៉េឱកាសនេះ ជារដូវបុណ្យអាកាសធាតុស្រួលមិនត្រជាក់ខ្លាំងឡើយ។

លោក ឡេង ណាវ៉ាត់ត្រា បានប្រាប់ Feed Buzzz ឲ្យដឹងថា ជារៀងរាល់ឆ្នាំ លោករមែងដឹកនាំតារាចម្រៀងល្បីៗចេញទៅសម្តែងច្រៀងនៅប្រទេសកូរ៉េ ហោចណាស់ឲ្យបាន២លើក។ លោកមិនចង់បានផលចំណេញអ្វីជាសំខាន់ពេកនោះទេ ដោយសារលោកធ្លាប់មានប្រវត្តិធ្វើការនៅទីនោះរាប់ឆ្នាំ មានការដក់ចិត្ត និងស្រឡាញ់ប្រទេសកូរ៉េ ដូចជាទឹកដីកំណើតទី២។ លោកលើកឡើងថា ប្រសិនបើមានឱកាសអនាគតលោកនឹងទិញផ្ទះរស់នៅទីនោះលម្ហែកាយលក្ខណៈគ្រួសារ ដោយសារចិត្តពិតជាស្រឡាញ់ ទើបចេះតែនាំអ្វី ដែលជាការកម្សាន្តល្អជូនបងប្អូនយើងនៅទីនោះ។ ចំពោះគម្រោងនាំសិល្បករទៅសម្តែងលើកនេះចំណាយដើមទុនជាង១០ម៉ឺ​នដុល្លារ ដោយក្នុងនោះក៏​មានជំនួយខ្លះៗពីអ្នកសហការដែរ។ ការចំណាយច្រើនបែបនេះ មិនដើម្បីគោលបំណងសំខាន់ចង់មើលឃើញការចំណេញពីការច្រៀងលក់សំបុត្រទេ តែទិសដៅ គឺយើងរួមគ្នាច្រៀងសាមគ្គីរវាងខ្មែរនិងខ្មែរលក្ខណៈស្និតស្នាល៕