ភ្នំពេញ៖ មន្ត្រីជំនាញកំពូលៗក្នុងសេវាហិរញ្ញវត្ថុមកពីទូទាំងប្រទេសក្នុងសហគមន៍អាស៊ាន បានមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងសន្និសីទប្រចាំតំបន់ដ៏សំខាន់មួយ ដែលផ្តោតទៅលើកំណែទម្រង់ប្រព័ន្ធឌីជីថលក្នុងវិស័យធនាគារ និង សេវាហិរញ្ញវត្ថុនៅតំបន់អាស៊ីអាគ្នេយ៍ និងកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី៤៩ ដែលរៀបចំឡើងពីថ្ងៃទី២៥ ដល់ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសមាគមធនាគារកម្ពុជា(ABC)និងសមាគមធនាគារិកអាស៊ាន(ABA)ក្នុងនាមជាម្ចាស់ផ្ទះ។

នេះគឺជាលើកទី១ហើយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទធនាគារអាស៊ាន ដែលតម្រូវឲ្យរាល់ប្រទេសជាសមាជិកសហគមន៍អាស៊ានទាំងអស់ ត្រូវដាក់វេនគ្នាធ្វើជាម្ចាស់ផ្ទះរៀងរាល់រយៈពេល២ឆ្នាំម្តង ។ សន្និសិទធនាគារអាស៊ានលើកទី២២នេះ ធ្វើឡើងក្រោមទស្សនទាន «ការផ្សារភ្ជាប់អាស៊ានឆ្នាំ២០២៥-ពិភពលោកដ៏ក្លែវក្លាថ្មីមួយនៃនវានុវត្តភាពប្រព័ន្ធឌីជីថល សម្រាប់វិស័យធនាគារអាស៊ាន តែមួយ ។ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានស្វាគមន៍ដល់ប្រតិភូក្នុងសន្និសីទទាំងមូលដោយបញ្ជាក់ថា ឯកឧត្តមពិតជាមានមោទនភាពណាស់ ដែលបានឃើញដំណើរវិវឌ្ឍដ៏គួរឲ្យកត់សម្គាល់ក្នុងវិស័យធនាគារនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ស៊ានជាពិសេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុសកល ។ ការធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗបានជួយបង្កើនប្រសិទ្ធិភាព ក្នុងការផ្តល់សេវាហិរញ្ញវត្ថុទៅកាន់ប្រជាពលរដ្ឋអាស៊ានច្រើនជាង៦០០លាននាក់ប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជាបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ានមានន័យថា រាល់ភាគីពាក់ព័ន្ធទាំងអស់អាចសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក អនុវត្តតាមគ្នាទៅវិញទៅមក និង ប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ សូមបញ្ជាក់ថា មានប្រតិភូចំនួន៥០០នាក់ត្រូវបានរំពឹងទុកថា នឹងចូលរួមក្នុងសន្និសីទនៅថ្ងៃទី១ រួមជាមួយនឹងមន្ត្រីតំណាងជាច្រើនមកពីប្រទេសទាំង១០ក្នុងតំបន់អាស៊ាន និងភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀតទូទាំងតំបន់ ។ ខណះថ្ងៃទី២នៃសន្និសីទដ៏សំខាន់នេះ ដែលត្រូវបានគាំទ្រដោយម្ចាស់ឧបត្ថមជាច្រើន ក្នុងនោះ រាប់បញ្ចូលទាំង ធនាគារ អេស៊ីលីដា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ និងធនាគារ ស៊ីអាយអិមប៊ី (CIMB) ធនាគារកាណាឌីយ៉ា និងធនាគារភ្នំពេញពាណិជ្ជ ក្នុងនាមជាដៃគូចម្បង គឺជាកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី៤៩ ហើយនិងត្រូវរៀបចំឡើងសម្រាប់សមាជិករបស់សមាគមធនាគារិកអាស៊ានប៉ុណ្ណោះ ។