អេនដ្រូមេដា ឌីស្រ្ទីប៊្យូសិន ខបភើរេសិន (Andromeda Distribution Corporation) ដែលជាក្រុមហ៊ុនឈានមុខគេមួយ​នៅកម្ពុជា​ បានសហការជាមួយ ក្រុមហ៊ុន ACTAtek ដើម្បីធ្វើសិក្ខាសាលាមួយស្តីពីការប្រគល់សិទិ្ធចែកចាយផ្តាច់មុខមកអោយ ក្រុមហ៊ុន អេនដ្រូមេដា (Andromeda )។

បន្ទាប់ពីបើកទំព័រនៃកម្មវិធីលោក Harry Chan អគ្គនាយកនៃក្រុមហ៊ុន Andromeda បានមានប្រសាសន៍ថាលោកមានកិត្តិយសយ៉ាងខ្លាំងដែលក្រុមហ៊ុនរបស់លោកបានទទួលសេចក្តីទុកចិត្តពីក្រុមហ៊ុន ACTAtek ដែលជាក្រុមហ៊ុនលំដាប់កំពូលនិងឈានមុខគេទៅលើផ្នែក Security Door Access និង SmartTime Controller ដែលមានការចាប់អារម្មណ៍ខ្លាំងព្រមទាំងទទួលបានការគាំទ្រពីសំណាក់ដៃគូចែកចាយក៏ដូចជាអតិថិជនតាមបណ្តាក្រុមហ៊ុននានាជាច្រើន។​ ឆ្លៀតក្នុងឱកាសនេះដែរលោក ក៏បានធ្វើបទបង្ហាញអំពីក្រុមហ៊ុន Andromeda និង ផលិតផលពត៌មានវិទ្យាដទៃទៀត ដែលក្រុមហ៊ុនរបស់លោកបានទទួលសិទ្ធិចែកចាយផ្តាច់មុខដូចជា៖​ Barracuda WatchGaurd Panduit Extreme Zebra Pivot3 QNAP Poly McAfee ហើយ និង ACTAtek ជាដើម ដែលសុទ្ធសឹងតែជាផលិតផល កំពុងទទួលបានការទទួលស្គាល់និងគាំទ្រ ស្ទើរតែគ្រប់មជ្ឈដ្ឋានអ្នកប្រើប្រាស់ទាំងអស់។
លោកបានបន្តទៀតថា​ ដោយយោងទៅលើសក្តានុភាពជាមួយនឹងយុតិ្តសាស្រ្តដ៏រឹងមំានិងច្បាស់លាស់ដោយផ្តោតទៅលើសុក្រឹត្យភាព ក៏ដូចជាការផ្តល់នូវទំនុកចិត្តគ្រប់ដៃគូចែកចាយនិងអតិថិជនទាំងអស់ដែលជាកត្តាធ្វើអោយធ្វើអោយក្រុមហ៊ុនលោកបានទទួលសិទ្ធិចែកចាយផ្តាច់មុខពីក្រុមហ៊ុន ACTAtek នៅក្នុងទីផ្សារកម្ពុជាយើងនេះ។
លោក Thomas Wan អ្នកតំណាងអោយក្រុមហ៊ុន ACTAtek ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន Andromeda ដែលបានសហការណ៍និងបង្កើតកម្មវិធីនេះឡើងក៏ដូចជាផ្តល់ឱកាសឲ្យលោកបានធ្វើបទបង្ហាញអំពីដំណេះស្រាយផលិតផលរបស់ខ្លួននៅក្នុងសិក្ខាសាលានេះ។ លោកក៏បានបញ្ជាក់បន្ថែមទៀតថាផលិតផលរបស់ ACTAtek​ គឺជាផលិតផលដែលកំពុងតែល្បីល្បាញទូទាំងសកលលោកទៅលើបច្ចេកវិទ្យា Door Access & Time Control ។