តំណាង​គណៈប្រតិភូ​នៃ សម្ព័ន្ធ​ពាណិជ្ជកម្ម ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ(One Belt One Road) ដែលមាន​សមាជិក​ជា​អ្នកជំនួញ​សរុប​ជាង ២​ពាន់​នាក់ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ សហគមន៍​ពាណិជ្ជករ​អន្តរជាតិ ប្រកបដោយ​ផែនការ​ជំនួញ​ស្តង់ដារ (ISBP GROUP)​របស់​កម្ពុជា ដើម្បី​ស្វែងរក​ដៃគូ​ជំនួញ និង​ធ្វើការ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​​។​

​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី០៩ មករា​ឆ្នាំ​២០២០ ក្រោម​វត្តមាន​របស់លោក ទី ហ្សា​ង (Ty Zhang) ជា​តំណាង​សម្ព័ន្ធ​ពាណិជ្ជកម្ម ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ និង​វត្តមាន​របស់លោក ស៊ុន ហ៊ុន ជា​អគ្គនាយក​នៃ ISBP GROUP របស់​កម្ពុជា រួមទាំង​វត្តមាន​របស់​អ្នកជំនួញ​នៃ​ប្រទេស​ទាំងសងខាង​។​

​ក្នុង​ឱកាស​ចុះ​អនុស្សរណៈ​នេះ លោក ស៊ុន ហ៊ុន បាន​លើកឡើងថា នេះ​ជាការ​ពង្រីក​ឱកាស​សម្រាប់​ភាគី​ទាំងសងខាង ដើម្បី​អ្នកវិនិយោគ​ទាំងសងខាង​អាច​ចាប់​ដៃគូ​វិនិយោគ​រួមគ្នា ពង្រីក​អជីវ​កម្ម​របស់ខ្លួន ក្នុង​គោលដៅ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ជាតិ​ក្នុងនាម​ជា​វិស័យ​ឯកជន ស្របទៅតាម​គោលការណ៍​ច្បាប់​របស់​ប្រទេសជាតិ​។

​លោក​បានបញ្ជាក់ថា ជា​ដំណាក់​ការ​ដំបូង​នេះ ភាគី​ទាំងសងខាង នឹង​ព្យាយាម​សិក្សា​ស្វែងយល់​ពីគ្នា​បន្ថែម ពី​គោលដៅ​ចក្ខុវិស័យ​រួម ដោយ​រាប់បញ្ចូល​ទាំង​ការចែករំលែក​ដើម្បីឱ្យ​ការវិនិយោគ​រួមគ្នា​នាពេលខាងមុខ ប្រកបដោយ​ភាពជោគជ័យ​។​

​លោក ទី ហ្សា​ង​( Ti Zhang ) ដែលជា​តំណាង​សម្ព័ន្ធ​ពាណិជ្ជកម្ម ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ បាន​មើលឃើញ​ពី​ផល​វិជ្ជមាន​ជាច្រើន​បានមកពី ការចុះ​អនុស្សារណៈ​នាពេលនេះ​ផងដែរ​។ លោក​ថា លោក​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​ការអភិវឌ្ឍន៍ និង​ឱកាស​វិនិយោគ​ជាច្រើន​នៅ​កម្ពុជា​។ លោក​សម្លឹង​ឃើញថា វិស័យ​ទេសចរណ៍ វិស័យ​កសិកម្ម រួមទាំង​វប្ប​ធ៌​មសិ​ល្បៈ សុទ្ធសឹង​តែ​ជា​វិស័យ​សំខាន់​ដែល​ក្រុម​វិនិយោគ​របស់លោក សម្លឹង​ឃើញ និង​ចង់​វិនិយោគ​។​

​លោក​បញ្ជាក់ទៀតថា ជា​ជំ​ហ៊ាន​បន្ទាប់ លោក​នឹង​ដឹកនាំ​វិនិយោគិន​ជា​សមាជិក​សម្ព័ន្ធ​ពាណិជ្ជកម្ម ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ បន្ថែមទៀត ដើម្បី​ធ្វើ​ទស្សនកិច្ច​សិក្សា​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​វិនិយោគ​នៅ​កម្ពុជា​៕​