ភ្នំពេញ ៖ កម្មវិធីបិទការប្រកួត និងប្រគល់ពានរង្វាន់អាឃ្វ័ររៀសឆ្នាំ២០២០ របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានរកឃើញម្ចាស់ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀសឆ្នាំ២០២០ លើកទី២ ជាមួយនឹងទឹកប្រាក់រង្វាន់សរុបចំនួន៤០លានរៀល បានទៅលើក្រុមឱម៉ាល់FC។

កម្មវិធីបិទការប្រកួត និងប្រគល់ពានរង្វាន់អាឃ្វ័ររៀសឆ្នាំ២០២០ បានប្រព្រឹត្តឡើងក្រោមមាន លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេស នៃក្រុមហ៊ុន ក្នុងបរិវេណតារាងបាល់ទាត់នៃវិទ្យាល័យឥន្រ្ទទេវី។ លោកអភិបាលរង ក៏បានផ្តល់កិត្តិយសប្រគល់ពានអាឃ្វ័ររៀសឆ្នាំ២០២០ ព្រមជាមួយនឹងទឹកប្រាក់រង្វាន់ចំនួន២០លានរៀល ដល់ក្រុមជើងឯកដែលបានក្លាយជាម្ចាស់ពាន បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះជាបន្តបន្ទាប់ ក្នុងចំណោម ៣២ ក្រុម ដែលមានរហូតដល់ ៦៨ ប្រកួត ក្នុងរយៈពេល ៤ សប្តាហ៍ គិតចាប់ពីថ្ងៃប្រកាសបើកការប្រកួតជាផ្លូវការ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។ ទឹកប្រាក់រង្វាន់សរុបចំនួន ៤០លានរៀល នឹងត្រូវប្រគល់ជូនក្រុមឆ្នើមចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ក្រុមបាល់ទាត់គំរូ ១ក្រុម កីឡាករស៊ុតបញ្ចូលទី បានច្រើនគ្រាប់ជាងគេ១រូប និងក្រុមអាជ្ញាកណ្តាលល្អចំនួន១ក្រុម។

លោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេស បានមានប្រសាសន៏ថា ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀស (Aquarius Cup) គឺជាគំនិតផ្តួចផ្តើមមួយរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ដោយឈរលើចក្ខុវិស័យយូរអង្វែងរបស់ក្រុមហ៊ុន ក្នុងការចូលរួមលើកកម្ពស់គាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា ក៏ដូចជាជំរុញឲ្យមានសុខុមាលភាពសង្គម ព្រមទាំងផ្តល់ឱកាសដល់អ្នកស្នេហាវិស័យកីឡាបាល់ទាត់មិនមែនអាជីព ក្នុងការចូលរួមប្រកួតដើម្បីសុខភាព និងកសាងមិត្តភាព ជាពិសេសសម្តែងនូវឆន្ទៈគាំទ្ររបស់ក្រុមហ៊ុន ចំពោះគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លា ក៏ដូចជាត្រៀមខ្លួនប្រកួត និងទទួលស្វាគមន៍ SEA GAMES ឆ្នាំ២០២៣ ដែលមានកម្ពុជាជាម្ចាស់ផ្ទះ។

លោក បានបញ្ជាក់ទៀតថា អាឃ្វ័ររៀស បំបាត់ភាពស្រេកទឹក និងបំពេញជាតិទឹកបានឆាប់រហ័សដល់រាងកាយ។ ផលិតផលអាឃ្វ័ររៀសត្រូវបានណែនាំមកទីផ្សារកម្ពុជាលើកដំបូងនៅក្នុងឆ្នាំ2014 ដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ហើយផលិតផលនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជននិយមលេងកីឡា ដែលពួកគាត់កំពុងស្វែងរកប្រភេទភេសជ្ជៈដែលបំពេញជាតិទឹកត្រឡប់មករាងកាយវិញ ពោលគឺសម្រាប់ប្រជាជនក្នុងតំបន់អាកាសធាតុត្រូពិក ដូចកម្ពុជាយើងនេះ។ អាឃ្វ័ររៀស គឺជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាល្បី ៗ ចំនួន 20 របស់ក្រុមហ៊ុនកូកា-កូឡា ហើយបានក្លាយជាពាណិជ្ជសញ្ញាដែលឈានមុខគេ ចំណាត់ថ្នាក់លេខ 1 ផ្នែកបំពេញជាតិទឹក នៅក្នុង ប្រទេសជប៉ុន។ នៅប្រទេសកម្ពុជា អាឃ្វ័ររៀស គឺជាពាណិជ្ជសញ្ញាដ៏មានប្រជាប្រិយភាព និងលេចធ្លោ ក្នុងចំណោមប្រភេទផលិតផល ដែលមានការប្រកួតប្រជែងខ្ពស់៕