ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសថា បុណ្យចូលឆ្នំាចិនមិនស្ថិតនៅពប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការនិយោជិក កម្មករ ប្រចំាឆ្នំា២០២០ នោះទេ។នេះបើយោងតាមមាត្រា៤ នៃអនុក្រឹត្យលេខ១១២ អនក្រ បក ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចំាឆ្នំា២០២០ ដែលចុះហត្ថលេខានៅនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

បើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្តមបណ្ឌិត រស់ សុវាចា បញ្ជាក់ប្រាប់ឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាបានណែនំារួចហើយទៅដល់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យអនុវត្តកម្មវិធីសិក្សាឱ្យបានពេញលេញ ដើម្បីចូលរួមពង្រឹងសមត្ថភាពសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ឱ្យក្លាយជាពលរដ្ឋសាកលដែលមានចរិយាសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងគុណតម្លៃឆ្លើយតបនឹងបរិបទពិភពលោក តំបន់ និងជាតិ។ មាតាបិតាត្រូវលើកទឹកចិត្តកូនឱ្យមករៀនជាប្រចាំ។

អ្នកនាំពាក្យក្រសួងអប់រំ អះអាងថា យោងតាមអនុសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានអំពាវនាវរួចហើយ មាតាបិតា មិនគួរដាក់ការធ្វើដំណើរកំសាន្តប៉ះចំថ្ងៃកូនសិក្សានោះទេ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវបើកទ្វារដំណើរការជាប្រក្រតី នៅក្នុងអំឡុងបុណ្យចូលឆ្នាំចិន

គួរកត់សម្គាល់ថា បើទោះបីជាកន្លងទៅពិធីបុណ្យចូលឆ្នាំប្រពៃណីចិន មិនមានចែងនៅក្នុងប្រតិទិនឈប់សម្រាកប្រចាំឆ្នាំរបស់រដ្ឋក្តីក៏គេសង្កេតឃើញថា ទាំងសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាអប់រំរដ្ឋឯកជន ក៏ដូចជាមន្ត្រីរាជការនិងបុគ្គលិករដ្ឋឯកជនមួយចំនួនក៏នៅតែបន្តឈប់សម្រាកដើម្បីចូលរួមក្នុងពិធីនេះ ដោយសំអាងថា ខ្លួនមានជាប់ខ្សែស្រឡាយចិន ហើយចាត់ទុកថា ជាកាតព្វកិច្ចដែលការចាំបាច់ត្រូវតែប្រតិបត្តិដោយខានពុំបាននៅក្នុងគ្រួសារ៕