ខេត្តសៀមរាប៖ ថ្លែងក្នុងពិធីដាក់សម្ពោធជាផ្លូវការឧបករណ៍ហាត់ប្រាណអាឃ្វ័ររៀស កាលពីព្រឹក ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា សម្រាប់វត្តមាននៃឧបករណ៍ហាត់ប្រាណដែលជា ការឧបត្ថម្ភរបស់ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលនេះជាសាក្ខីភាពនៃការចូលរួមចំណែកលើកកម្ពស់ សុខុមាល ភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមហាត់ ប្រាណ ដើម្បីថែរក្សាសុខភាពប្រចាំថ្ងៃនៅក្នុងខេត្ដសៀមរាប។ លោកអភិបាលរងខេត្ដបាន បន្ដថា ការហាត់ប្រាណផ្តល់គុណប្រយោជន៍៥ចំនុចសំខាន់ៗ ក្នុងការចូលរួម កាត់បន្ថយ ឱកាសប្រឈមមុខនឹងជំងឺបេះដូង សួត និងជួយសម្រួលសម្ពាធឈាមដំណើរការបានល្អ ធ្វើ ឱ្យ គេងលក់ស្រួល ខួរក្បាលវាងវៃ និងមានអាយុវែង។

លោក រស់ សោភា នាយកផ្នែកច្បាប់និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានគូសបញ្ជាក់ថា ការនាំយកឧបករណ៍ ហាត់ ប្រាណអាឃ្វ័ររៀសជូនដល់សាធារណជន និងប្រជាជននៅក្នុងខេត្ដសៀមរាបនេះ គឺជា សកម្មភាពចម្បងមួយនៃគម្រោងជាសាកល្បងរបស់ក្រុមហ៊ុនកូកា-កូឡា ក្រោមឈ្មោះថា «សុខុមាលភាពល្អ»។

លោកក៏បាន ណែនាំ ពី គុណតម្លៃរបស់ភេសជ្ជៈកីឡាគឺ «អាឃ្វ័ររៀស» ដែលជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាល្បីៗចំនួន ២០ របស់ក្រុមហ៊ុនកូកា-កូឡា។ ទន្ទឹមនេះ អាឃ្វ័ររៀស បានជាប់ ចំណាត់ ថ្នាក់លេខ១ នៅប្រទេសជប៉ុន ដែលជាប្រភេទភេសជ្ជៈបំពេញជាតិទឹកបានយ៉ាងឆាប់ រហ័សដល់រាងកាយ សាកសមបំផុតសម្រាប់អ្នកកីឡាគ្រប់រូប។

លោកបានបន្ថែមថា អាឃ្វ័ររៀស ទទួលបានការពេញនិយមយ៉ាងខ្លាំងពី សំណាក់ អតិថិជននិយមលេងកីឡាដែលពួកគាត់ត្រូវការភេសជ្ជៈដែលបំពេញជាតិទឹក ត្រឡប់មក រាង កាយវិញ ហើយកីឡានាំមកនូវសុខភាព និងមិត្តភាព៕