រាជធានីភ្នំពេញ ៖ ក្នុងពេលផលិតផលកសិកម្មកម្ពុជា នៅតែមានបញ្ហាទីផ្សារទាំងក្នុងនិងក្រៅប្រទេសនោះ ឧកញ៉ាមួយរូបដែលគេស្គាល់ជាអ្នកជំនួញ ក្នុងវិស័យកសិកម្មដ៏ធំនៅក្នុងប្រទេសកម្ពុជា បានបំផុសកូនខ្មែរអោយ បង្កើនការច្នៃប្រឌិតផលិតផលកសិកម្ម ដែលមានស្រាប់អោយបានច្រើន សម្រាប់ផ្គត់ផ្គង់លើទីផ្សារ ក្នុងនិងក្រៅប្រទេស ។

ថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់ត្នោតមាសជូននិស្សិតជ័យលាភ ពីការប្រកួតប្រជែងច្នៃប្រឌិត លោកឧកញ៉ា ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុនកសិកម្ម Confirel បានមានប្រសាសន៍ថា ដើម្បីលើកទឹកចិត្ត ដល់និស្សិតដែលកំពុងសិក្សាជំនាញបច្ចេកទេសច្នៃប្រឌិតនេះ អោយពួកគាត់មានកម្លាំងចិត្តឡើងនេះ លោកតែងតែបង្កើតនូវកម្មវិធីពានរង្វាន់នានា គោលបំណងសំខាន់គឺចង់ឃើញពីការខិតខំប្រឹងប្រែងរបស់និស្សិត ពីព្រោះថាបើសិនជាពួកគាត់មានតែទ្រឹស្តី តែមិនបានអនុវត្តន៍ ក៏មិនប្រាកដថាពួកគាត់អាចធ្វើបានដែរ ។ លោកថា៖« នៅពេលដែលយើងបង្កើតកម្មវិធីពានរង្វាន់នានារបស់យើង ឃើញថាយើងទទួលបានលទ្ធផលគួរជាទីពេញចិត្ត ដូច្នេះហើយ ទើបយើងបន្តជំរុញ ឱ្យមានសកម្មភាពបែបនេះបន្ថែមទៀត ធ្វើយ៉ាងណាអោយពួកគាត់មានគំនិតច្នៃប្រឌិតថ្មីៗ ពីផលិតផលរបស់ខ្មែរយើង » ។
លោកឧកញ៉ាបន្តថា នៅពេលដែលផលិតផលកសិកម្មរបស់ខ្មែរ មានការកែច្នៃជាផលិតផលសម្រេចនានា នោះវានឹងជំរុញតម្លៃបន្ថែមផលិតផលរបស់កសិករ កាន់តែមានតម្លៃហើយនឹងមានទីផ្សារកាន់តែខ្លាំង ហើយវានឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិបន្ថែមទៀតផងដែរ ។
លោកឧកញ៉ាបន្ថែមថា សព្វថ្ងៃនេះផលិតផលកសិកម្មរបស់កសិករខ្មែរ គឺតែងតែមានបញ្ហា ជាក់ស្ដែងដូចជាស្វាយបន្លែស្រស់ជាដើម បើសិនជាវាលក់មិនអស់ក្នុងរយៈពេលខ្លី វានឹងរលួយ និងខូចចោល តែបើសិនជាមានការច្នៃប្រឌិតទៅជាផលិតផលដែលអាចទុកបានយូរ និងឆ្ងាញ់ នោះវានឹងជំរុញកសិករខិតខំផលិតបន្ថែម ដោយលែងបារម្ភពីការខូចខាតឬខ្វះទីផ្សារសម្រាប់លក់តទៅទៀត ។ លោកឧកញ៉ាមានប្រសាសន៍ថា ៖« តែអ្វីដែលត្រូវធ្វើនោះ គឺការលើកទឹកចិត្តដល់អ្នកដែលចេះកែច្នៃ ដោយផ្ដល់ជារង្វាន់ជូនគាត់ និងត្រូវធានាពីការងាររបស់គាត់នៅពេលដែលគាត់អាចផលិតអ្វីចេញជារូបរាងមួយច្បាស់លាស់ និងទទួលស្គាល់ពីទីផ្សារក្នុងស្រុកនិងអន្តរជាតិ » ។
កញ្ញានិច ច័ន្ទវិសាល យុវនិស្សិតម្នាក់ដែលបានកែច្នៃផ្លែម្នាស់ទៅជាផលិតផលផ្សេងទៀត ទទួលបានជោគជ័យនោះ បានអោយដឹងផងដែរថា នាងបានកែច្នៃផ្លែម្នាស់ទៅជាផលិតផលបីផ្សេងទៀត ដូចជាសំបកម្នាស់ឱ្យទៅជាទឹកខ្មេះ សាច់ម្នាស់ទៅជាម្នាស់កំប៉ុង និងទឹកម្នាស់ទៅជាភេសជ្ជៈម្យ៉ាង ។

កញ្ញានិយាយថា៖« មូលហេតុដែលក្រុមយើងបានសម្រេចជ្រើសរើសយកផ្លែម្នាស់មកប្រកួតប្រជែងនៅក្នុងកម្មវិធី របស់ក្រុមហ៊ុន Confirel ដោយសារតែមើលឃើញថាអត្ថប្រយោជន៍ផ្លែម្នាស់មានវិសាលភាពធំធេង ហើយផ្លែម្នាស់សំបូរនៅក្នុងប្រទេសកម្ពុជាយើងតែវាមិនមានទីផ្សារខ្ពស់នៅឡើយ ។ បើសិនជាយើងកែច្នៃវាបានទៅជាផលិតផលសម្រេចច្រើនយ៉ាងទៀត វានឹងជំរុញអោយផលិតផលម្នាស់នៅក្នុងស្រុកយើង កាន់តែមានទីផ្សារ មានតម្លៃ និងធ្វើអោយកសិករមិនពិបាកស្វែងរកទីផ្សារដូចមុនទៀតឡើយ » ។


បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជាមានសក្ដានុពលវិស័យកសិកម្មធំធេង ហើយដំណាំកែច្នៃមួយចំនួន ក៏កំពុងត្រូវបានរដ្ឋាភិបាលជំរុញអោយមានការវិនិយោគ និងកែច្នៃនៅនឹងកន្លែងមុននឹងនាំចេញទៅកាន់ទីផ្សារផងដែរ ដូចជាមៀន តាង៉ែន ស្វាយ ម្នាស់ ចេក និងដំណាំហូបផ្លែជាច្រើនទៀត ។
លោកក៏បានជំរុញឱ្យវិនិយោគិនបរទេសដែលបណ្ដាក់ទុនវិនិយោគនៅកម្ពុជា សូមងាកមកចាប់អារម្មណ៍វិស័យកសិកម្ម ដើម្បីជួយដល់កសិករកម្ពុជា និងលើកស្ទួយកម្ពស់ជីវភាពកសិករក្នុងស្រុកផងដែរ ខណៈកម្ពុជានៅមានវិសាលភាពពង្រីកវិស័យកសិកម្មធំធេងបន្តទៀត ៕