(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) បានបើកប្រតិបត្តិការបង្ក្រាប ការជួញដូរគ្រឿងញៀន១ករណី នៅផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសថ្នាំញៀនប្រហែល៧គីឡូក្រាម។

មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានប្រាប់នៅថ្ងៃទី២៨ ខែឧសភានេះថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

ជនសង្ស័យទាំង២នាក់ ដែលចាប់ឃាត់ខ្លួនមាន ១៖ឈ្មោះ ហ៊ីម ពៅ ភេទស្រី ជនជាតិខ្មែរ អាយុ២៥ឆ្នាំ និង២៖ ឈ្មោះ ហ៊ីម ជុ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣៦H ផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សម្រាប់វត្ថុតាងដែលដកហូត បានរួមមាន៖ ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន ICE ប្រហែល៧គីឡូ ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង ទូរស័ព្ទ៣គ្រឿង និងសម្ភារប្រើប្រាស់ និងវេចខ្ចប់មួយចំនួន៕