ព្រះវិហា៖​ ជាអំណោយរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ដេីម្បីបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃក្នុងតំបន់អភិរក្សប្រាសាទព្រះ វិហារនាព្រឹកថ្ងៃអង្គារ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តមឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធី ចាប់ឆ្នោតបែងចែក ដីឡូតិ៍ជូនប្រជាពលរដ្ឋ ចំនួន១៨០គ្រួសារ ដេីម្បីបញ្ចប់វិវាទដីធ្លីចំណុចស្វាយជ្រំ ក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារឲ្យមករស់នៅទីតាំងស្របច្បាប់ ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរស្រុកជាំក្សាន្ត នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។​

សូមបញ្ជាក់ថាប្រជាពលរដ្ឋទាំង១៨០គ្រួសារបានតាំងទីលំនៅមិនរៀបរយក្នុងតំបន់អភិរក្សរម្មណីយដ្ឋានប្រាសាទព្រះវិហារ​។ នៅចុងឆ្នាំ២០១១​ យោងតាមព្រះរាជក្រឹត្យស្តីពីការកំណត់តំបន់រម្មណីយដ្ឋានប្រាសាទព្រះវិហារ​ ទេីបអាជ្ញាធរជាតិប្រាសាទព្រះវិហារតំរូវអោយប្រជាពលរដ្ឋទាំងនេះផ្ទេរលំនៅដ្ឋានមកនៅក្នុងភូមិធម្មជាតិសម្តេចតេជោ​ ឃុំស្រអែម​ ប៉ុន្តែ​ពួកគាត់មិនព្រម​ ហេីយបានខិតខំតវ៉ាគ្រប់រូបភាពរហូតដល់ក្រសួង​ ស្ថាប័ននានា​ ។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរខេត្ត​ព្រះវិហារ​ និងក្រសួងស្ថាប័នជំនាញ​ ជាពិសេសក្រោមការណែនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ទេីបឈានដល់ដំណោះស្រាយបញ្ចប់ដែលអាចទទួលយកបាននៅថ្ងៃនេះ។

ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា ដីឡូតិ៍ដែលត្រូវចែកជូនបងប្អូនអតីតប្រជាពលរដ្ឋនៅចំនុចស្វាយជ្រុំនាឱកាសនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋយើង ហេីយក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋដែលពុំមានដីអាស្រ័យផល ។លើសពីនោះទៀត ឯកឧត្តមអភិបាលខេត្ត បានស្នើសុំឲ្យប្រជាពលរដ្ឋទាំង១៨០ គ្រួសារ ដែលទទួលបានដីនាឱកាសនោះត្រូវខិតខំកសាងលំនៅដ្ឋាន បង្កបង្កើនផល ដាំដំណាំ ដើម្បីជីវភាពរបស់ខ្លួន និងសូមកុំលក់ដូរដីនេះ និងចូលរួមលេីកកំពស់តម្លៃជាសកលរបស់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក៕