(ភ្នំពេញ)៖ មន្ដ្រីនគរបាលម្នាក់​ ដែលបើករថយន្ដបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសនោះ​ បានចូលខ្លួនដោះស្រាយ ហើយត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមគ្រួសារជាអ្នកចេញមុខសងសំណងទៅជនរងគ្រោះបន្ថែម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ លើផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបង្កឡើងដោយ ឈ្មោះ លី លាងឆេង អាយុ៣៨ឆ្នាំ ជាមន្ដ្រីនគរបាលពាក់ស័ក្ដិ៤កន្លះ ស្នាក់នៅផ្ទះលេខ១២B ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹង ក្រោយកើតហេតុថា​ មន្ដ្រីនគរបាលខាងលើ បានចូលខ្លួនមកកាន់ការិយាល័យជំនាញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ នូវដែលជាកំហុសរបស់ខ្លួន។

នាយការិយាល័យរូបនេះ បានបន្ដទៀតថា ក្រោយបញ្ចប់ការសួរនាំ នៅថ្ងៃនេះសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនអ្នកបង្កទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយក្រុមគ្រួសារអ្នកបង្ក ក៏បានចេញមុខសងសំណងជំងឺចិត្តទៅក្រុមគ្រួសារជនរងគ្រោះទាំង២នាក់ផងដែរ៕