ពោធិ៍សាត់៖​ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ម្សិលលមិញនេះ បានដឹកនាំមន្ត្រីក្រុមការងារ ដោយមានការចូលរួមពី លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងណែនាំដល់ប្រជាពលរដ្ឋ ដែលមកពិនិត្យព្យាបាលជំងឺ និងសម្រាលកូន នៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពីរបៀបនៃការទទួលសាច់ប្រាក់ឧបត្ថម្ភ សម្រាប់ស្ត្រីមកពីគ្រួសារក្រីក្រ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុក្រោមពីរឆ្នាំ។

គួរបញ្ជាក់ថា កន្លងមកសម្តេចតេជោនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានសម្រេចឧបត្ថម្ភសាច់ប្រាក់ ជូនស្ដ្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ ដោយស្ដ្រីក្រីក្រ មកពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន៤ដង ម្តងទទួលបាន៤ម៉ឺនរៀល, ពេលសម្រាល ទទួលបាន ២០ម៉ឺនរៀល, ពិនិត្យ និងថែទាំក្រោយសម្រាល និងកូនចំនួន ១០ដង ពោលមានរយៈពេល ១,០០០ថ្ងៃ។

ជាងនេះទៅទៀត ករណីដោយឡែកនៃការផ្តល់សាច់ប្រាក់ឧបត្ថម្ភ គឺករណីរលូតកូន ទទួលបាន ៤ម៉ឺនរៀល (ម្តងគត់) គភ៌អាយុក្រោម១២សប្តាហ៍ និង៤ម៉ឺនរៀលចំនួន២ដង គភ៌អាយុពី ១២-២៤សប្តាហ៍ករណីកូនស្លាប់ពេលសម្រាល ឬក្រោយពេលសម្រាលទទួលបានប្រាក់ឧបត្ថម្ភ ២០ម៉ឺនរៀល ពេលសម្រាល និង៤ម៉ឺនរៀលចំនួន៣ដង ករណីម្តាយស្លាប់ពេលសម្រាល ឬក្រោយពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ២០ម៉ឺនរៀល ពេលសម្រាល និង៤ម៉ឺនរៀល ចំនួន១០ដង។

នាឱកាសនេះ​ ប្រតិភូដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី​ ម៉ម ប៊ុនហេង បានបន្តចុះពិនិត្យមណ្ឌលសុខភាពសន្ទ្រែ ដែលបាននឹងកំពុងសាងសង់យ៉ាងមមាញឹក ព្រមទាំងបន្តចុះសួរសុខទុក្ខ និងនាំយកសម្ភារៈបង្កាជំងឺគ្រុនចាញ់ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ចំណុចអូរជ្រៅ ក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ (តំបន់ភ្នំក្រវាញ និងឱរ៉ាល់) រវាងខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ប្រមាណជិត២០០នាក់ផងដែរ៕