សៀមរាប៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ដីពីផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសសន្និសីទកំពូលសារព័ត៌មានអាស៊ី ២០១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ៩ -១៥ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។

កិច្ចប្រជុំខាងលើនេះ ដឹកនាំដោយ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរឯកភាពរដ្ឋបាលខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពីលោក ប្រធានមន្ទីរ លោក លោកស្រី អភិបាលក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធ ទាំងបី សរុបប្រមាន ៥៤នាក់។

ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្តបានលើកឡើងនូវបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ នៅទីប្រជុំជនតំបន់ទេសចរណ៍ ជាពិសេសនៅតំបន់ផាប់ស្រ្ទីត អំពីបញ្ហាចំណតរថយន្ត និងរ៉ឺម៉កម៉ូតូ និងអ្នកលក់ដូរនៅតាមដងផ្លូវ ។

ជាចុងបញ្ចប់ លោកបានណែនាំជំរុញឲ្យគ្រប់ក្រុង-ស្រុកធ្វើការទប់ស្កាត់បញ្ហាវិវាទ ទំនាស់ដីធ្លី នៅមូលដ្ឋានរបស់ខ្លួន ៕